ព្រឹកនេះ! ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
អញ្ជើញថ្វាយព្រះរាជដំណើររួមមាន៖ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមជាមួយឥស្សរជន មន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។
ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី៕

