គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ វាយប្រហារឆ្នេរសមុទ្រមីយ៉ាន់ម៉ា ធ្វើឲ្យរង្គើដល់អគារក្នុងទីក្រុងបាងកកប្រទេសថៃ

នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែឥទ្ធិពលរបស់វាធ្វើឲ្យរង្គើដល់អគារក្នុងទីក្រុងបាងកកប្រទេសថៃឯណោះ ហើយអ្វីដែលថៃកំពុងបារម្ភគឺថា ការរញ្ជួយលើកនេះ មានចំណុចកណ្តាលជិតរាជធានីប្រទេសថៃ ជាងការរញ្ជួយកម្រិតធ្ងន់លើកមុន កាលពីថ្ងៃទី២៨ខែមីនាទៅទៀត។
ការរញ្ជួយថ្ងៃព្រហស្បតិ៍បានវាយប្រហារនាវេលាម៉ោង ១០ព្រឹក ជាមួយចំណុចកណ្តាល១០គីឡូម៉ែត្រ ហើយវាមានចម្ងាយចន្លោះពី៤០០-៥០០គីឡូម៉ែត្រពីទីក្រុងបាងកក ពោលគឺជិតជាងការរញ្ជួយកម្រិត៧.៧រ៉ិចទ័រកាលពីខែមីនា ដែលមានចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រពីរាជធានីប្រទេសថៃ។
អ្នកក្រុងបាងកក ត្រូវភ័យឆោឡោ រត់ចេញពីអគារ ដោយសារតែឥទ្ធិពលនៃការរញ្ជួយ ព្រោះពួកគេធ្លាប់ជួបរឿងរន្ធត់ម្តងរួចមកហើយ កាលពីខែមីនា។
យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញថៃ ក៏ធ្លាប់ព្រមានដែរថា រាជធានីបាងកក នឹងប្រឈមហានិភ័យនៃគ្រោះរញ្ជួយដីនាពេលអនាគត ដ្បិតបច្ចុប្បន្នមិនទាន់អាចព្យាករថា វានឹងមានកម្លាំងខ្លាំងកម្រិតណាក៏ដោយ។
លោកសាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai ប្រធានកម្មវិធីវិស្វកម្មរចនាសម្ព័ន្ធ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី បាននិយាយ ការសិក្សាពីមុនបានរកឃើញបន្ទះតិចតូនិចធំៗចំនួន៣ ដែលអាចបង្កឲ្យមានការរញ្ជួយដីខ្លាំងប៉ះពាល់ដល់ទីក្រុងបាងកក។
បន្ទះតិចតូនិចទាំង៣នោះមានដូចជា Kanchanaburi Fault នៅភាគខាងលិចប្រទេសថៃ ដែលអាចបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិត៧.០ទៅ៧.៥រ៉ិចទ័រ, Sagaing Fault នៅប្រទេសមីយ៉ាន់ម៉ា អាចបង្កឲ្យមានគ្រោះរញ្ជួយដីឈានដល់៨រ៉ិចទ័រ និង Arakan Subduction Zone ក្នុងសមុទ្រ Andaman ដែលអាចបង្កគ្រោះរញ្ជួយដីដ៏ខ្លាំងរហូតដល់ ៨.៥ទៅ៩.០រ៉ិចទ័រឯណោះ។
ចំពោះមូលហេតុដែលបាងកកប្រឈមហានិភ័យ ត្រូវបានលោកពន្យល់ថា គឺដោយសារតែរាជធានីនៃប្រទេសថៃនិងតំបន់ជុំវិញ មានទីតាំងស្ថិតនៅលើតំបន់បាតខ្ទះដែលមានដីទន់ ដូច្នេះក្នុងករណីកើតរញ្ជួយដីនៅទីឆ្ងាយ រលករញ្ជួយនឹងធ្វើដំណើរមកហើយពង្រីកផលប៉ះពាល់៣ទៅ៤ដង ពេលវាឆ្លងកាត់តំបន់បាតខ្ទះនេះ៕
