ចិនបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័ស នូវសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកជំនាញនិងយោធាអាមេរិក បានបន្តកត់សម្គាល់ឃើញថា ទន្ទឹមគ្នាជាមួយការពង្រឹងសមត្ថភាពយោធា ពាក់ព័ន្ធសព្វាវុធទូទៅ ចិនបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័ស នូវសមត្ថភាពក៏ដូចជាទំហំនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
លោក Anthony Cotton ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តរបស់យោធាអាមេរិក កន្លងមកបាននិយាយថា ការដាក់គោលដៅរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ឱ្យយោធាចិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីវាយយកកោះតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧ បាននិងកំពុងតែជំរុញនូវការពង្រីកសមត្ថភាពសព្វាវុធនុយក្លេអ៊ែរ ដែលអាចបាញ់ចេញទាំងពីផ្ទៃដី ផ្ទៃអាកាស និងផ្ទៃទឹក។
ដោយឡែក បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញផ្នែកសន្តិសុខ ដែលមានមូលដ្ឋាននៅអាមេរិក ចិនកំពុងពង្រីកនិងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ លឿនជាងមហាអំណាចនុយក្លេអ៊ែរដទៃទៀត ហើយបច្ចុប្បន្ននេះ មានក្បាលគ្រាប់យ៉ាងហោចប្រហែល៦០០គ្រាប់។
យោងតាមប្រភពដដែល ចិនកំពុងសាងសង់ទីតាំងថ្មីៗ ប្រមាណ៣៥០កន្លែង សម្រាប់បាញ់មីស៉ីលចេញពីក្រោមដី រួមជាមួយមូលដ្ឋានថ្មីៗប៉ុន្មានកន្លែងទៀត សម្រាប់ប្រព័ន្ធបាញ់មីស៉ីលចល័ត។ បើតាមការប៉ាន់ស្មាន យោធាចិនមានប្រព័ន្ធបាញ់មីស៉ីលប្រហែលជាង៧០០គ្រឿង ប៉ុន្តែមិនមែនទាំងអស់ទេ ត្រូវបានកំណត់ឱ្យបំពាក់អាវុធនុយក្លេអ៊ែរ។ ក្នុងចំណោមនោះ ៤៦២គ្រឿង អាចបំពាក់មីស៉ីលដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក កងទ័ពចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធ្វើប្រតិបត្តិការបានច្រើនជាង១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០ ខណៈមហាយក្សនៅអាស៉ីមួយនេះ កំពុងបន្តខិតខំកសាងកងកម្លាំងនុយក្លេអ៊ែរដ៏ធំមួយ ដែលមានចាប់តាំងពីមីស៉ីលបំពាក់ក្បាលគ្រាប់កម្រិតស្រាល រហូតដល់មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលបំពាក់ក្បាលគ្រាប់កម្រិតធ្ងន់កម្លាំងរាប់មេហ្កាតោន៕
