រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិន ជួបប្រជុំគ្នានៅរដ្ឋធានីញូវដេលី

ញូវដេលី៖ កាលពីថ្ងៃទី១៨សីហា រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិន បានជួបប្រជុំគ្នានៅរដ្ឋធានីញូវដេលី ក្នុងកិច្ចខិតខំប្រឹងប្រែងជាថ្មីរវាងគូប្រជែងអាស៊ីប្រដាប់ដោយអាវុធប្រល័យលោកទាំង២ ដើម្បីបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីការប្រឈមមុខដាក់គ្នាតាមព្រំដែនរយៈពេល៥ឆ្នាំ។ ទន្ទឹមនឹងឥណ្ឌាកំពុងរកាំរកូសជាមួយមហាអំណាចអាម៉េរិក។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាហាំយ៉ាំ ចៃសានកា បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី សម្រាប់កិច្ចពិភាក្សា ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងដែលបានធ្លាក់ចុះក្នុងឆ្នាំ២០២០ បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ះទង្គិចគ្នានៅតាមព្រំដែន។ អំពើហិង្សានាគ្រានោះ បានធ្វើឱ្យទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់ស្លាប់ ហើយធ្វើឱ្យទំនាក់ទំនងនយោបាយកម្រិតខ្ពស់ត្រូវបានបង្កក។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរ បានដាក់ពង្រាយកម្លាំងសន្តិសុខរាប់ម៉ឺននាក់នៅតាមតំបន់ព្រំដែន។
កាលពីឆ្នាំមុន ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាលើកតិកាសញ្ញា ស្តីពីការល្បាតតាមព្រំដែន និងបានដកកងកម្លាំងបន្ថែមចេញពីតំបន់ព្រំដែនមួយចំនួន។ លោក ចៃសានកា នៅក្នុងសុន្ទរកថាបើក បានអំពាវនាវឱ្យបន្ថយភាពតានតឹងនៅតាមព្រំដែន ដើម្បីផ្តល់សន្ទុះវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។
ដោយឡែក លោក វ៉ាង យី បាននិយាយថា មានសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន ហើយប្រទេសចិនអនុញ្ញាតឱ្យធម្មយាត្រាឥណ្ឌាទៅទស្សនាកន្លែងសំខាន់ៗនៅក្នុងតំបន់ស្វយ័តទីបេ។ រដ្ឋមន្ត្រីការបរទេសចិន គ្រោងនឹងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារទី១៩ ខែសីហានេះ ហើយជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) អំពីព្រំដែនដែលមានវិវាទ។
ដំណើរ ទស្សនកិច្ច នៅ ឥណ្ឌា របស់ លោក វ៉ាង កើតឡើង ស្របពេល ការ មើលមុខគ្នាមិនចំរវាង រដ្ឋធានីញូវដេលី និងវ៉ាស៊ីនតោន បន្ទាប់ពី ប្រធានាធិបតី អាម៉េរិក ដូណាល់ ត្រាំ បានដាក់ ពន្ធ៥០ភាគរយលើ ទំនិញ របស់ ឥណ្ឌា រួមមាន ការពិន័យ២៥ភាគរយសម្រាប់ ការទិញ ប្រេងឆៅ ពីរុស្ស៊ី ខណៈពន្ធគយចូលជាធរមាននៅថ្ងៃទី២៧ខែសីហា៕

