មីយ៉ាន់ម៉ា បិទច្រកព្រំដែនម៉ែសូត្រ-ម្យ៉ាវ៉ាឌី នៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកម៉ែសូត្រ ខេត្តតាក់ នៃប្រទេសថៃ ដោយគ្មានការជូនដំណឹងជាមុន

បាងកក៖ បើតាមកាសែតថៃ Thai Enquirer ចុះផ្សាយនៅថ្ងៃទី១៨សីហានេះ បានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ា បានបិទច្រកព្រំដែនម៉ែសូត្រ-ម្យ៉ាវ៉ាឌី នៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកម៉ែសូត្រ ខេត្តតាក់ នៃប្រទេសថៃ ដោយគ្មានការជូនដំណឹងជាមុន ដោយបានធ្វើឱ្យរថយន្តដឹកទំនិញថៃរាប់រយគ្រឿង ស្ទះណែនណាន់តាន់តាប់ កកកុញពេញបន្ទាត់ព្រំដែន។
តើផលកម្មកំពុងតបស្នងថៃវិញ ឬយ៉ាងណា? ឬយើងអាចហៅម្យ៉ាងទៀតបានទេថា កម្មតាមទាន់ហន់? គេនៅចាំបានថា ទន្ទឹមនឹងយោធាថៃឈ្លានពានកម្ពុជា ភាគីថៃបានប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីជាមួយកម្ពុជា ធ្វើឱ្យទំនិញថៃខ្លួនឯកជាប់គាំងពាសពេញច្រកព្រំដែនកម្ពុជា-ថៃ។ ដូចផលកម្មតបស្នងមែន! ពេលនេះស្រាប់តែយោធោមីយ៉ាន់ម៉ា ប្រកាសបិទច្រកព្រំដែនពាណិជ្ជកម្មជាមួយថៃ ដោយឯកតោភាគីវិញ។ គេឃើញថា ទំនិញ និងរថយន្តដឹកទំនិញទាំងអស់របស់ថៃ ចូលទៅកាន់ប្រទេសភូមា ត្រូវបានរារាំង ក្រោយផ្លូវពាណិជ្ជកម្មសំខាន់ៗ និងច្រកនាំចេញទំនិញរបស់ថៃតាមព្រំដែននៃខេត្តម្យ៉ាវ៉ាឌី ត្រូវបានបិទ។ ការបិទច្រកព្រំដែនម៉ែសូត្រ-ម្យ៉ាវ៉ាឌីនេះ គឺធ្វើឡើងដោយរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពីដោរ ក្នុងគោលបំណងទប់ស្កាត់ចរន្តពាណិជ្ជកម្មតាមព្រំដែន ដែលហូរចូលដៃក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងតំបន់។
គួរជម្រាបថា ករណីបិទស្ពាន មិត្ត ភាពថៃ-ភូមា នេះ នៅ បើក សម្រាប់ អ្នក ស្រុក និង អ្នកនាំទំនិញ តូចតាចចេញ-ចូលបាន ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញធុនធំ ដូចជារថយន្តដឹកទំនិញកង់១០ និងទំនិញឆ្លងដែនថៃចូលភូមា ត្រូវរាំងស្ទះទាំងអស់។
ជុំវិញបញ្ហានេះ អាជ្ញាធរថៃ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ហើយក៏ទំនងជាហាស្លាក់ខ្ជាក់ស្លែង ព្រោះទង្វើខ្លួនឯងធ្លាប់ធ្វើដាក់គេ ត្រូវគេវាយបកមកវិញ។
សូមជម្រាបថា ចាប់តាំងពីមានសង្គ្រាមឈ្លានពានថៃ មកលើកម្ពុជា ធុរជនថៃបានវីវក់ វិលមុខជាខ្លាំង ព្រោះថាក្រោយយោធាថៃបិទព្រំដែនកម្ពុជា-ថៃ ជាឯតោភាគី គ្មានសួរកម្ពុជាមួយម៉ាត់ បានធ្វើឱ្យទំនិញថៃជាច្រើនកកស្ទះ គរជើងនៅតាមបន្ទាត់ព្រំដែន។ ក្រៅពីនេះ បន្ទុកក៏បានធ្លាក់ចូលទៅក្នុងអម្រែកនៅលើស្មារធុរជនថៃបន្ថែមទៀត បន្ទាប់ពីយោធាភូមាប្រកាសបិទច្រកព្រំដែនម៉ែសូត្រ-ម្យ៉ាវ៉ាឌី ដោយេកតោភាគីវិញម្ដង។
ថ្មីនេះរថយន្តដឹកទំនិញថៃជាច្រើនរយគ្រឿង បានជាប់គាំងនៅច្រកព្រំដែនប្រទេសភូមា ខណៈទំនិញរាប់សិបមុខ ត្រូវបានរារាំងមិនឱ្យដឹកចូលទឹកដីនៃប្រទេសភូមាទៀតឡើយ។ នេះបញ្ជាក់ឱ្យឃើញថា ពាណិជ្ជកម្មថៃ កំពុងតែងរងគំនាបយ៉ាងខ្លាំងដោយការបិទច្រកព្រំដែនប្រទេសចំនួនពីរ គឺព្រំដែនជាមួយប្រទេសកម្ពុជា និងព្រំដែនជាមួយភូមា សមពាក្យមួយឃ្លាពោលថា «ចេះឯង ឱ្យក្រែងចេះគេ ចេះឯងប៉ុនទន្លេ ចេះគេប៉ុនសមុទ្ទ»៕
