អភិបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ នាំយកសម្ភារៈ ថវិកា និងលើកទឹកចិត្តដល់យុវជន មួង សុភាព មានពិការភាពដៃទាំងសងខាងពីកំណើត

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញសួរសុខទុក្ខ នាំយកសម្ភារៈ ថវិកា និងលើកទឹកចិត្ត ដល់ យុវជន មួង សុភាព មានពិការភាពដៃទាំងសងខាងពីកំណើត រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង កំពុងការសិក្សា ថ្នាក់ទី៨C នៃវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្តេច ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ ចៅប្រុស មួង សុភាព ដែលមាន ពិការភាពដៃទាំងពីរតាំងពីកំណើត បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ ជាពិសេស បានខំព្យាយាមតស៊ូចូលរៀនថ្នាក់ បច្ចេកវិទ្យាព័ត៌មាននៅក្នុង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) ក្រៅម៉ោងសិក្សា ហើយគាត់ គឺជាសិស្សដែល មានការអត់ធ្មត់ ទោះបីពុំមានដៃទាំងពីរ ក៏គាត់អាចសរសេរអក្សរបាន និងចុចលើក្តារចុចរបស់កុំព្យូទ័របានយ៉ាងល្អ។
សូមជម្រាបជូនដែរថា យុវជន មួង សុភាព មានពិការភាពដៃទាំងសងខាង តាំងពីកំណើត និងមានបងប្អូនបង្កើតចំនួន ៣នាក់ ស្រី ២នាក់ មានឪពុកម្ដាយប្រកបរបបរជាកសិករ រស់នៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ៕

