អ្នកនាំពាក្យការពារជាតិ៖ កម្ពុជានិងសហគមន៍អន្តរជាតិ បន្តអំពាវនាវឱ្យថៃដោះលែងទាហានខ្មែរ១៨នាក់ជាបន្ទាន់
ភ្នំពេញ៖ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា កម្ពុជា និងសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវរហូតដល់ថៃបំពេញកតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅនោះជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៍បទឈប់បាញ់ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ លោកជំទាវម៉ាលី សុជាតា បានឱ្យដឹងថា បើគិតដល់ថ្ងៃទី១១ ខែសីហានេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្នុងពេលអនុវត្តកិច្ចប្រមព្រៀងបទឈប់បាញ់ ហើយបន្ទាប់ពីធ្វើការចាប់ភ្លាមៗរាជរដ្ឋាភិបាល ក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានខិតខំយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីទាមទារឲ្យថៃធ្វើការដោះលែងពួកគេមកវិញស្របទៅតាមច្បាប់អនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវរបស់ សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ានផងដែរនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាំង១៨នាក់នេះត្រូវបានគេអះអាងថាមានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ។តាមរយៈ អ្នកនាំពាក្យក្រសួងការពារ កម្ពុជាក៏នៅតែបន្តអំពាវនាវឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕
