នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញបន្ថែមនូវបច្ចេកទេសក្នុងការប្រើប្រាស់ដ្រូន ជៀសវាងបង្កគ្រោះថ្នាក់ ឬហានិភ័យផ្សេងៗដល់ខ្លួនអ្នក និងកងទ័ព

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងលេខ ២៤៥៣ សជណ របស់ក្រសួងមហាផ្ទៃ “ស្តីពីការហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន)” នាយកដ្ឋានសូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងខេត្តពាក់ព័ន្ធកាលៈទេសៈប្រទេសជាតិត្រូវបានប្រទេសរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជណាចក្រកម្ពុជាយើង ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់គណៈបញ្ជាការឯកភាពខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ហាមឃាត់មិនឱ្យបង្ហោះដ្រូននៅតាមតំបន់ព្រំដែនរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ នាយកដ្ឋានសូមបង្ហាញបន្ថែមនូវបច្ចេកទេសក្នុងការប្រើប្រាស់ដ្រូន ជៀសវាងបង្កគ្រោះថ្នាក់ ឬហនិភ័យផ្សេងៗដល់ខ្លួនអ្នក និងកងទ័ព ប្រសិនបើជនឈ្លានពានអាចស្ទាក់ ឬគ្រប់គ្រង (Intercept or Capture) សញ្ញារបស់ដ្រូនបាន ដោយសារតែសត្រូវអាចធ្វើកោសល្យវិច្ច័យឌីជីថល (Digital Forensic) ដោយទាញយកកំណត់ហេតុហោះហើរចេញ(Flight Log)ពីដ្រូន ហើយអាចស្វែងរកទិន្នន័យសំខាន់ៗដូចជា៖
1-កំណត់ហេតុទិន្នន័យនៃការហោះហើរ (Flight Log) និងផ្លូវហោះហើរ (Flight Path)។
2-ទិន្នន័យប្រអប់ខ្មៅ (ល្បឿនម៉ូត័រ GPS, IMU)។
3-ទិន្នន័យ EXIF Metadata ដែលបានភ្ជាប់ជាមួយរូបភាព និងវីដេអូដែលបានថតទុក (កូអរដោនេ GPS, រយៈកម្ពស់, ត្រាពេលវេលា, ប្រភេទកាមេរ៉ា) ទាញយករូបភាព និងវីដេអូដែលបានលុប។
4-ទីតាំង និងប្រវត្តិរុករក (Navigation History) ដូចជា ទីតាំងហោះហើរពីមុន, ទីតាំងហោះឡើង និងចុះចត (Take off and Landing Position)។
5-ប្រសិនបើគេប្រើប្រាស់ឧបករណ៍ចាប់សញ្ញាឬស្ទាក់ចាប់ (Drone Detector or Interceptor) គេអាចកំណត់បានទីតាំងរបស់អ្នកបញ្ជា(Pilot Position) និងដ្រូន (Drone Position) តាមពេលវេលាជាក់ស្តែង (in real-time)។
ជាមួយនឹងទិន្នន័យទាំងនេះ ពួកសត្រូវអាចកំណត់ចំណុចជាក់លាក់នៃកូអរដោនេ GPS តាមដានទីតាំងរបស់ដ្រូន ដែលអាចប៉ះពាល់ដល់ទីតាំង និងអាយុជីវិតរបស់អ្នក កងទ័ព ឬចលនាយោធា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ ធ្វើឱ្យមានភាពងាយស្រួលដល់ជនឈ្លានពានក្នុងកំណត់ទីតាំង។អ្នកប្រព្រឹត្តបទល្មើសនឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់៕

