ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រង់ចាំទទួលសម្របសម្រួលជូនពលករខ្មែរវិលត្រឡប់មកពីថៃគ្រប់កាលៈទេសៈ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ប្រសិនបើគ្មានការចាំបាច់ វិលមកទឹកដីកំណើតដ៏សុខសាន្តយើងវិញ និងសូមចងចាំថា «រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រង់ចាំទទួលសម្របសម្រួលជូនបងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ»។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខាបានកោតសរសើរ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ អភិបាលខេត្តជាប់ព្រំដែន និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលជាតិ ដែលបានម្ចាស់ការដឹកនាំ និងគាំទ្រយ៉ាងសកម្ម សម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃ ជូនបងប្អូនប្រជាពលរដ្ឋ តាមច្រកទ្វារព្រំដែន ប្រកបដោយភាពកក់ក្ដៅ។
លើសពីនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តនានា ដែលរៀបចំចាត់ចែងយ៉ាងឆាប់រហ័សនូវមន្ត្រី និងមធ្យោបាយដឹកជញ្ជូនពីមូលដ្ឋាននីមួយៗ មករង់ចាំទទួលប្រជាពលរដ្ឋ ពីច្រកទ្វារព្រំដែន ឆ្ពោះទៅកាន់ស្រុកកំណើតក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញច្បាស់ថាមន្ត្រីរាជការ និងកងកម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលជាតិ បានគិតគូរអាទិភាពបំផុតអំពីសុខទុក្ខ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ ក៏បាននិងកំពុងចាត់ចែងមធ្យោបាយដឹកជញ្ជូន និងត្រៀមលក្ខណៈផ្ដល់ការសម្របសម្រួលគាំទ្របន្ថែមទៀត ជូនរដ្ឋបាលរាជធានី ខេត្ត ទាំងការងារសម្របសម្រួលទទួលពលរដ្ឋវិលចូលប្រទេស និងការដឹកជញ្ជូនប្រជាពលរដ្ឋ រួមទាំងសម្ភារៈ ពីច្រកទ្វារឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕

