អ្នកនាំពាក្យការពារជាតិ៖ កងទ័ពថៃមិនមានចេតនាវាយប្រហារត្រឹមតែទីតាំងយោធារបស់កម្ពុជានោះទេ គឺថៃបើកការវាយប្រហារទៅដល់ទីតាំង ប្រជាជនស្លូតត្រង់រស់នៅ

ភ្នំពេញ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការងារជាតិ បានបញ្ជាក់ថា ភាគីថៃមិនមានចេតនាវាយប្រហារត្រឹមតែទីតាំង យោធារបស់កម្ពុជានោះទេ គឺភាគីថៃថែមទាំងបើកការវាយប្រហារទៅដល់ទីតាំង ប្រជាជនស្លូតត្រង់រស់នៅ។
នៅក្នុងសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា «ភាគីថៃមិន មានចេតនាវាយប្រហារត្រឹមតែទីតាំងយោធារបស់កម្ពុជានោះទេ បើកការវាយប្រហាររហូតទីតាំងតំបន់ប្រជាជនស្លូតត្រង់រស់នៅដែលយើងសង្កេតឃើញថា នៅតំបន់មួយចំនួនគឺប្រជាជនកំពុងតែជម្លៀស និងប្រឈមជាមួយនឹងភាពភ័យខ្លាច និងការតក់ស្លុត ជាមួយការវាយរបស់ខាងភាគីថៃមកលើតំបន់ប្រជាជនស្លូតត្រង់» ។
ជុំវិញការបើកការវាយប្រហារលើប្រជាជនស្លូតត្រង់របស់កម្ពុជានេះ លោកជំទាវបានបញ្ជាក់ ថាក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ថ្កោលទោសចំពោះទង្វើរឈ្លានពានយ៉ាងសាហាវឃោឃៅរបស់ភាគីថៃនិងបានស្នើឱ្យសហគមន៍អន្តរជាតិចូលរួមថ្កោលទោសឱ្យបានពេញទំហឹង។ ទន្ទឹមគ្នានេះ ក្រសួងនឹងបន្តធ្វើការងារជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីឱ្យថៃទទួលខុសត្រូវចំពោះទង្វើរឈ្លានពានដ៏កម្រោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់នូវទង្វើរអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងជៀសវាសសកម្មភាពទាំងឡាយណាដែលបង្ករការកើនឡើងភាពតានតឹងបន្ថែមទៀត
ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ កុំតក់ស្លុត និងបន្តជីវភាពរស់នៅជាធម្មតា។ ហើយក្នុងនាមជាក្រសួងការពារ និងកងទ័ពប្តេជ្ញាឥតងាករ៉េ ក្នុងការពារអធិបតេយ្យមិនឱ្យមានការបាត់បង់សូម្បីតែ១មីលីម៉ែត្រឡើយ៕
