HOT NEWS: សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូនជនរួមជាតិ កុំព្រួយបារម្ភ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សម្ដេច កំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា “ នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ខ្ញុំសូមបញ្ជាក់ថាពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។
ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។
មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ការចុះផ្សាយដែលចរិតកុហក់នៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។“Don’t Thai to me !”៕

