លោក យុន លីន អភិបាលរងខេត្តសៀមរាប ចូលរួមក្នុងពិធីធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ តំណាងអគ្គស្នងការដ្ឋាននគរបានជាតិ តំណាងអគ្គនាយកពន្ធធនាគារ តំណាង អគ្គនាយកដ្ឋានធនធានមនុស្ស និងបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្តីសង្ខេបអំពីដំណើរការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ជូនអង្គប្រជុំបានជ្រាប។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស បានឡើងធ្វើបទបង្ហាញពីប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ (DMS) ព្រមជាមួយមុខងារសុំច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពនន្ធាគារ មន្ត្រីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងបទល្មើស (CMS) រួមជាមួយ ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថលផងដែរ។
បន្ថែមលើសពីនោះដែរ លោក ឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានគូសបញ្ជាក់បន្ថែមនូវភាពងាយស្រួលរបស់ប្រព័ន្ធប្រតិបត្តិការទាំងអស់ដែលក្រុមការងារបច្ចេកទេសបានបង្ហាញជូនគណៈអធិបតី និងបានលើកឡើងប្រព័ន្ធប្រតិបត្តិការនេះគឺជាយន្តការមួយដែលជួយសម្រួល និងបន្ស៊ីដល់កិច្ចការងារស្រូលរបស់អង្គភាពដែលអនុវត្តផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងកត្តាពេលវេលារួមជាមួយកត្តាចំណាយផ្សេងៗផងដែរ។ លើសពីនេះ លោក ឧត្តមសេនីយ៍ទោ ក៏បានធ្វើបទបង្ហាញបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ (OMS) ជូនគណៈអធិបតី ឱ្យបានជ្រាបផងដែរ។
នាឱកាសនោះដែរ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងបានវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទាំងអស់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានរៀបចំធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃនាពេលនេះ។
ឯកឧត្ដមសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធ (DMS) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងគ្រោងដាក់ឱ្យដំណើរការនៅតាមបណ្ដាខេត្តមួយចំនួនក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមសន្តិបណ្ឌិតបន្តថា តាមរយៈការងារអភិវឌ្ឍន៍លើកិច្ចការងារតាមប្រព័ន្ធឌីជីថលនេះគឺពិតជាមានសារសំខាន់ណាស់ ដែលជាក់ស្តែងបច្ចុប្បន្នក្រសួងមហាផ្ទៃ បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនដែលបម្រើដល់កិច្ចការងារប្រចាំថ្ងៃ រួមជាមួយការងារប្រព័ន្ធសុវត្ថិភាពផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជំរុញ និងយកចិត្តទុកដាក់ និងត្រួតពិនិត្យជាប្រចាំនូវការងាររៀបចំមជ្ឈមណ្ឌលទិន្នន័យក្រសួងមហាផ្ទៃ ការរៀបចំតម្លើងថ្នាលផ្លាស់ប្តូរទិន្នន័យ និងការរៀបចំមជ្ឈមណ្ឌលការងារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ដែលជាការងារសំខាន់ឆ្ពោះទៅរកគោលដៅរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានោះក៏ត្រូវបន្តអភិវឌ្ឍន៍ និងនវានុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបម្រើឱ្យការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កិច្ចការងាររដ្ឋបាល និងបម្រើដល់ការផ្តល់សេវារដ្ឋបាលសាធារណៈផងដែរ៕

