សម្តេចធិបតី៖ រាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ រហូតដល់អាណត្តិទី៧នេះ បានស្វាគមន៍ និងគាំទ្រខ្លាំងណាស់ ចំពោះអង្គការក្រៅរាជរដ្ឋាភិបាលដែលបានជួយដល់កម្ពុជាពិតប្រាកដ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧នេះ បានស្វាគមន៍ និងគាំទ្រខ្លាំងណាស់ ចំពោះអង្គការក្រៅរាជរដ្ឋាភិបាលដែលបានជួយដល់ប្រទេសកម្ពុជាពិតប្រាកដដូចជា មូលនិធិកុមារកម្ពុជា ឬអង្គភាពការពារកុមារ ដែលជាដៃគូសហការល្អរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដានេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានកោតសរសើរ និងរម្លឹកពីការលះបង់របស់ លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា ដែលបានលះបង់ និងខិតខំជួយដល់កុមារកម្ពុជា ខណៈលោកបានលះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយដល់កុមារកម្ពុជា៕

