អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្សព្វផ្សាយសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៦-២០២៨

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិការខេត្ត ឆ្នាំ ២០២៦-២០២៨ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៦។
ពិធីនេះ ក៏មានការចូលរួមពីលោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោក អឿ ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ អភិបាលក្រុង-ស្រុក ចៅសង្កាត់ មេឃុំ ស្មៀន និងអ្នកពាក់ព័ន្ធ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
លោក បឹង គឹមសឹង បានមានប្រសាសន៍ថា អនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ១ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការ ខេត្ត និងនីតិវិធីបច្ចេកទេសនៃការរៀបចំ គម្រោងថវិកា ប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរណណែនាំលេខ ០១១ សហវ.ស.រ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកា ខេត្តឆ្នាំ ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៦។
លោកបន្ដថា សារាចរណែនាំនេះ ជាគន្លឹះថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល ចំណូល និងកំណត់អាទិភាពចំណាយ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិកាផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ឱ្យបានយល់ស្ដីពីនីតិវិធីផ្សព្វផ្សាយសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការខេត្ត ព្រោះមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកា គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យមខាងមុខ ត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការបន្តអនុវត្ត ជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលមធ្យមតាមរយៈការបន្តការរក្សានូវតុល្យភាពថវិកា រវាងធនធានថវិការដ្ឋ និងបន្ទុកថវិការបស់រដ្ឋ និងចាប់ផ្តើមកសាងទ្រនាប់ថវិកាឡើងវិញ៕

