សម្តេចតេជោ ប្រាប់សមាជិកព្រឹទ្ធសភា២រូប មកពីគណបក្សឆន្ទះខ្មែរថា កុំចាំបាច់ភ័យ ចំពោះសេចក្តីស្នើវិសោធនកម្មដកសញ្ជាតិ បើសិនមិនបានប្រព្រឹត្តអំពើក្បត់ជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់លោក គង់ មុនីកា និងលោក សេង ម៉ារឌីសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទះខ្មែរថា កុំចាំបាច់ដេកភ័យ បារម្ភធ្វើអ្វី ចំពោះសេចក្តី ស្នើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញមាត្រា៣៣ ដកសញ្ជាតិពលរដ្ឋខ្មែរគប់គិត ជាមួយបរទេសបំផ្លាញ ផលប្រយោជន៍ជាតិខ្មែរ បើសិនលោកទាំងពីរមិន បានប្រព្រឹត្តអំពើក្បត់ជាតិ។
ការគូសង្កត់ធ្ងន់ទៅលើសមាជិក ព្រឹទ្ធសភាមកពីគណបក្ស ក្រៅរដ្ឋាភិបាលនេះ ដោយសារទាំងគង់ មុនីកាដែលជាកូនប្រុស របស់គង់ គាំ និងលោក សេង ម៉ារឌីនេះ បានបង្ហាញក្តីបារម្ភ ចំពោះវិសោធនកម្មដកសញ្ជាតិ។
នៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដោយផ្ដោតទៅលើ២ចំនុចសំខាន់គឺសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ និងការឆ្លើយតបទៅនឹងលោក ថាក់ស៊ីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចុច ចំឈ្មោះ លោក គង់ មុនីកា និងលោក សេង ម៉ារឌីថាមិនចាំបាច់ចំណាយ ពេលវេលាព្រួយបារម្ភ ចំពោះវិសោធនកម្មដកសញ្ជាតិនោះទេ ព្រោះនៅពេល ដែលច្បាប់នេះ បានចេញជារូបរាងហើយ គឺសម្រាប់អនុវត្តទៅលើ បុគ្គលណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិដោយគប់គិតជាមួយបរទេសប៉ុណ្ណោះ ហើយសិនជាលោកទាំងពីរ មិនបានធ្វើអ្វីខុសច្បាប់ទេ កុំភ័យ។
សម្តេចតេជោក៏បានរំលឹកទៅដល់លោក ហុង សុខហួរអតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាសមាជិកព្រឹទ្ធសភាថា បានចាប់វាយខ្នោះភ្លាមៗតែម្តង ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិទេ ព្រោះលោកជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ទោះបីជាពេលនោះលោករត់គេច ចូលស្ថានទូតបារាំងប្រចាំកម្ពុជាក៏ដោយ ក៏ពេលនោះទូតបារាំងមិនហ៊ាន ទទួលលោកនោះទេ ។
សម្តេចតេជោបន្តថា ការលើកឡើងរបស់សម្តេចនេះក៏មិនមែនជាសារគំរាមកំហែងនោះទេ ប៉ុន្តែនេះគឺជាបទល្មើសជាក់ស្តែង ។ ជាមួយគ្នានេះ ចំពោះសាររបស់សម្តេចនេះ ក៏សម្តេចផ្ញើទៅមេឧទ្ទាមក្រៅច្បាប់ និងចៅរបស់គេផងដែរ៕

