សម្តេចធិបតី៖ កម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ មិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ

ភ្នំពេញ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រាប់ទៅភាគីថៃឱ្យគោរពសិទ្ធ កិច្ចព្រមព្រៀង និងបូរណភាពទឹកដីជាមួយគ្នា បញ្ឈប់ការបង្កហានិភ័យ និងជ្រៀតចូលមកតំបន់ព្រំដែនទីតាំងដែលថ្មី នាំឱ្យបង្កកម្ដៅកាន់តែខ្លាំង។
ទាក់ទងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ៕

