ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារចុះពិនិត្យសិក្សាគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រប្រឡាយនាំទឹកពីទន្លេមេគង្គមកទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអនុវត្តន៍គម្រោង និងទីប្រឹក្សាបច្ចេកទេស ដោយមានការរួមដំណើរពីលោកសាស្ត្រាចារ្យ Win មកពីវិទ្យាស្ថានទឹកពិភពលោក ក្នុងប្រទេសហូឡង់ ចុះត្រួតពិនិត្យជាក់ស្តែងស្ថានភាពទីតាំងគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រប្រឡាយនាំទឹកពីទន្លេមេគង្គមកទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យលើទីតាំងផ្ទាល់ គឺផ្តោតលើស្ថានភាពជាក់ស្តែង ស្វែងយល់អំពីស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋ លើការងារកសិកម្ម ជាពិសេសការគិតគូរខ្ពស់ក្នុងការលើកគម្រោងធ្វើទំនើបកម្មលើវិស័យធនធានទឹក ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់ និងរក្សាទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការលើកគម្រោងវិស័យធនធានទឹកនេះ គឺក្នុងគោលបំណងគ្រប់គ្រងទឹក បញ្ជាទឹក និងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់ពីទឹកជំនន់ តំបន់ទន្លេមេគង្គខាងលើ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយបញ្ចេញមកប្រើប្រាស់នៅរដូវប្រាំង៕

