៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ

ភ្នំពេញ៖ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឱ្យដឹងថា ៣ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ ខណៈនាំចូលពីឥណ្ឌា ជាគ្រឿងអលង្ការ ប្រមាណ១៥០លានដុល្លារ។
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥លោកស្រី ញ៉ែត ស្រីអូន បានបញ្ជាក់ថា “ចំពោះទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃរវាង កម្ពុជា-ឥណ្ឌា ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជានាំចេញទៅឥណ្ឌា ជាប្រភេទត្បូង ប្រហែល៥០ ទៅ១០០លានដុល្លារ ខណៈឥណ្ឌានាំចូលមកកម្ពុជា ជាគ្រឿងអលង្ការ ប្រហែល១០០ ទៅ១៥០លានដុល្លារ”។
ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានលើកឡើងថា កំណើនទាំងនេះ គឺសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំ។
ទន្ទឹមគ្នានេះ លោកស្រី ញ៉ែត ស្រីអូន បានឲ្យដឹងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅធានានូវកំណើន ប្រកបដោយចីរភាព និង បរិយាបន្ន ជាពិសេសការឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
បន្ថែមពីនេះ លោកស្រី ញ៉ែត ស្រីអូន សូមសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កម្ពុជា-ឥណ្ឌា ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អនៃស្ថាប័ន និងសមាគមនានា ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជន នៃប្រទេសទាំងពីរ។
បើតាមលោកស្រី ញ៉ែត ស្រីអូន, សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បច្ចុប្បន្នមានសមាជិក ទាំងជាតិ និងអន្តរជាតិសរុបចំនួន ១,០២៩ រូប ចំនួននេះ រាប់បញ្ចូលទាំងសមាជិកដែលមិនទាន់ពេញសិទ្ធិ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ញ៉ែត ស្រីអូន ប្រកាសថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និង ត្បូងមានតម្លៃកម្ពុជា នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤-១៧ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕

