អភិបាលរងខេត្តសៀមរាប ជំរុញដល់គណៈអភិបាលស្រុកស្រីស្នំ ដែលតែឡើងកាន់តំណែងថ្មី ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព

ភ្នំពេញ៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញដល់គណៈអភិបាលស្រុកស្រីស្នំ ដែលតែឡើងកាន់តំណែងថ្មី ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក អភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សោម វិនា ឋានន្តរស័ក្តិនាយក្រមការ ថ្នាកលេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្រីស្នំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។
បន្ទាប់ពីការប្តេជ្ញាចិត្ត របស់លោក សោម វិនា អភិបាលរងស្រុក ទេីបប្រកាសទទួលស្គាល់រួចមក លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលក្រុងរបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុក ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យការងារក្នុងស្រុក មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាពរដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកស្រីស្នំ ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕

