សម្តេចធិបតី ណែនាំឱ្យបន្តលើកកម្ពស់អនាម័យនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់អនាម័យនៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា បន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាមជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទន្ទឹមនេះ ត្រូវគិតគូរអំពីការដោះស្រាយ បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូល កម្មវិធីអប់រំសុខភាពផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន។
ទន្ទឹមនិងនេះសម្តេចធិបតី បានណែនាំឱ្យបន្តធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌល អប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាម គ្រឹះស្ថានសិក្សា, ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន, កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានទូលំទូលាយ។
ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បាមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរ គ្រប់ លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, អង្គការជាតិ-អន្តរជាតិ សូមបង្កើន ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សកម្ពុជា, ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅ លើកកម្ពស់ជីវភាព និងសុខុ មាលភាពរបស់បុគ្គល គ្រួសារ និងប្រជាពលរដ្ឋកម្ពុជា៕

