សម្តេចធិបតីរំលឹកថា បើគ្មានគ្រូបង្រៀននៅថ្នាក់ទី១ទេ សម្ដេចក៏មិនអាចបញ្ចប់ការសិក្សាកម្រិតបណ្ឌិតបានឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា បើគ្មានគ្រូបង្រៀននៅថ្នាក់ទី១ទេ សម្ដេចក៏មិនអាចបញ្ចប់ការសិក្សាកម្រិតបណ្ឌិតបានឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លោកគ្រូអ្នកគ្រូគ្រប់ថ្នាក់ គឺសុទ្ធតែជាអ្នកមានគុណរបស់សិស្សទាំងអស់ព្រោះបើគ្មានគ្រូសិស្សមិនអាចរៀនដល់ថ្នាកឧត្ដមសិក្សាបានឡើយ។
សម្ដេចធិបតីបានបញ្ជាក់ថា “ខ្ញុំអាចរៀនបណ្ឌិតនៅក្រៅប្រទេស ក៏ដោយសារគុណអ្នកគ្រូ(បង្រៀន)ខ្ញុំថ្នាក់ទី១ដែរ។ គាត់បង្រៀនខ្ញុំសរសេរអក្សរ ក រហូតដល់ អ គាត់បង្រៀនខ្ញុំសរសេរលេខ១ ដល់លេខ១០ ទើបខ្ញុំអាចសរសេរលេខរាប់ពាន់លានបាន”៕

