សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំបងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំបងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នឆព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាលលើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១.៤៤២កន្លែង មានកម្មករនិយោជិតសរុប ២៥៣.៩៤៦ នាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត៕

