លោកជំទាវ មិថុនា ភូថង ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានខេត្ត គប្បីចូលរួមបង្កើនការយល់ដឹងឱ្យកាន់តែច្រើន និងទប់ស្កាត់ប្រឆាំងគ្រប់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ÷លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានខេត្ត គប្បីចូលរួមបង្កើនការយល់ដឹងឱ្យកាន់តែច្រើន និងទប់ស្កាត់ប្រឆាំងគ្រប់ព័ត៌មានក្លែងក្លាយដែលកើតមាន។
ការស្នើឡើងយ៉ាងដូច្នេះរបស់លោកស្រីអភិបាលខេត្តកោះកុង ធ្វើឡើងក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុងស្រុក ពលរដ្ឋ និងយុវជនជិត៤០០នាក់ចូលរួម។
លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីបានបង្កើតឲ្យមានការផ្ទុះឡើងនូវអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមាក់ងាយ ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច នយោបាយ និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។
លោកស្រី មិថុនា ភូថង មើលឃើញថា បញ្ញាសិប្បនិមិត្ត(AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៍មានដែលមានចរឹកបំភាន់ និង បំពុលសង្គម ព្រមទាំងងាយស្រួលបោកប្រាស់ប្រជាពលរដ្ឋ ដែលមិនសូវចេះប្រើប្រាស់បច្ចេកវិទ្យាបែបទំនើប ឬយើងហៅថា «អ្នកអក្ខរកម្មព័ត៌មាន»។
ដោយឡែកលោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង លើកឡើងថា យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តន៍ទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល១២ខែ គឺផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងដើម្បីលើកកម្ពស់យល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបន្ថែមទៀតថា ការបញ្រ្ចបការយល់ដឹងឹដល់ប្រជាពលរដ្ឋឋក្នុងសហគមន៍ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាពនូវព័ត៌មានក្លែងក្លាយ។ លោកប្រធានមន្ទីរព័ត៌មានខេត្ត ជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់អ្នកពាក់ព័ន្ធទាំងឡាយ ហើយចូលរួមតាមដានទប់ស្កាត់ព័ត៌មានក្លែងក្លាយប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្សព្វផ្សាយព័ត៌មានដែលពិតប្រាកដ ចៀសវាងបំភ្លៃការនាំឱ្យមានទោសទណ្ឌប្រការណាមួយ៕

