សម្តេចធិបតី៖ កម្ពុជាមានប្រហុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមផលិតផលខ្មែរផលិតអំពីត្រីផ្សេងៗទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានប្រហុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមផលិតផលខ្មែរផលិតអំពីត្រីផ្សេងៗទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានថ្លែងអបអរសាទរចំពោះ «ប្រហុកសៀមរាប» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការហើយ នៅថ្ងៃទី៥ ខែឧសភា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការចុះបញ្ជីនេះ មិនគ្រាន់តែលើកតម្លៃប្រហុកសៀមរាបប៉ុណ្ណោះទេ តែវាក៏ នឹងជួយឱ្យផលិតផលប្រពៃណីមួយនេះ មានស្ដង់ដាគុណភាពគ្រាប់គ្រាន់អាចប្រកួតប្រជែង និងពង្រឹងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសបានផងដែរ៕

