សម្ដេចតេជោ៖ នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះបើនៅកម្ពុជាជាអំពើក្បត់ជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះបើនៅកម្ពុជាជាអំពើក្បត់ជាតិ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានប្រកាសថា កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ។ ប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវ។
ជាមួយគ្នានេះសម្ដេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី៕

