នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អំពាវនាវដល់បរទេសដែលស្រឡាញ់សន្ដិភាព និងស្អប់សង្គ្រាមសូមមើលឱ្យច្បាស់ គឺកម្ពុជាកំពុងមានពលរដ្ឋភៀសសឹករងគ្រោះដោយសារការឈ្លានពានពីភាគីថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បរទេសដែលស្រឡាញ់សន្ដិភាព និងស្អប់សង្គ្រាមសូមមើលឱ្យច្បាស់ គឺកម្ពុជាកំពុងមានពលរដ្ឋភៀសសឹករងគ្រោះដោយសារការឈ្លានពានពីភាគីថៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា ពលរដ្ឋដែល ភៀសខ្លួននៅទីនេះ(ខេត្តព្រះវិហារ) ធ្វើឱ្យខ្ញុំ(សម្ដេចតេជោ)នឹកឃើញទៅដល់អ្វីទៅដែលហៅថា សន្តិភាព អ្វីទៅដែលហៅថា សង្គ្រាម។
សម្ដេចតេជោបន្ថែមថា ទិដ្ឋភាពនេះបានធ្វើឱ្យការឈឺរបស់ប្រជាពលរដ្ឋយើងវិលត្រឡប់មកវិញ តាមរយៈការឈ្លានពានរបស់ប្រទេសជិតខាងយើង។ សម្ដេចតេជោ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិពិនិត្យមើលឱ្យឃើញថា តើកម្ពុជា ឬ ថៃ នរណាជាអ្នកឈ្លាន ពាន?៕

