ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម ពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ភ្នំពេញ÷នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ(ថ្ងៃទី២) ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកម្ពុជា បានអញ្ជើញជាអធិបតីបន្តដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយភាគីវៀតណាម ដឹកនាំដោយ ឯកឧត្តម ជិញ ឌឹកហាយ(Trinh Duc Hai) ប្រធានគណៈកម្មការព្រំដែនជាតិនៃក្រសួងការបរទេសវៀតណាម និងជាប្រធានក្រុមការងារបច្ចេកទេសវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងការពារជាតិ, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។
កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកដំបូងនៃក្រុមការងារបច្ចេកទេសភាគីទាំងពីរ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងបានប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ជូនដែរថា ភាគីវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម លើកទី២ នៅក្នុងរយៈពេលបីខែខាងមុខក្នុងឆ្នាំ២០២៥នេះ។

