ឯកឧត្តម សុត រស្មី ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំ ឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង

ភ្នំពេញ÷នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំ ឆ្នាំ២០២៥ (ដំណាក់កាលទី១) ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការ និងមន្ដ្រីជំនាញអន្ដរក្រសួង បានចុះពិនិត្យប្រព័ន្ធធារាសាស្ដ្រ ដូចជា៖ ទី១)ប្រព័ន្ធធារាសាស្រ្តចំនួន៨ ស្ថិតក្នុងខេត្តស្វាយរៀង និងទី២)ប្រព័ន្ធធារាសាស្ត្រចំនួន៩ ស្ថិតក្នុងខេត្តព្រៃវែង។ បន្ទាប់ពីការចុះពិនិត្យ និងវាយតម្លៃ ប្រព័ន្ធធារាសាស្ដ្រទាំងនោះ ទទួលបានការជួសជុល និងថែទាំ (O&M) បានល្អប្រសើរសម្រាប់បម្រើដល់ការស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ និងផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ត្រូវតែបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងលក្ខណ:បច្ចេកទេស រួមទាំងសោភ័ណភាពនៃប្រព័ន្ធធារាសាស្ត្រផងដែរ៕

