ឯកឧត្តម ខូយ រីដា ទទួលថវិកា១៩លានរៀល របស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង សម្រាប់ប្រើប្រាស់ក្នុងការងារបក្ស និងកសាងសមិទ្ធផលនានាក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖នាព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ឃុំឈើតុំស្រុកក្រគរ បានធ្វើពិធីប្រគល់ថវិកាចំនួន១៩លានរៀល ដល់គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងការងារបក្ស និងកសាងសមិទ្ធផលនានាក្នុងខេត្ត។
លោក មូល ណែន ប្រធានសហគមន៍ បានជម្រាបជូនថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង មានចម្ងាយ៧៣គមពីទីរួមខេត្តពោធិ៍សាត់ និង៤១គមពីផ្លូវជាតិលេខ៥ ស្រុកក្រគរ។
ត្រឹមឆ្នាំ២០១៥ទទួលភ្ញៀវបាន ពី៥.០០០នាក់ទៅ២០.០០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារផ្លូវពិបាកធ្វើដំណើរ។ ឆ្នាំ២០១៦ សហគមន៍បានទទួលអំណោយដ៍ថ្លៃថ្លា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវផ្លូវកៅស៊ូមួយខ្សែប្រវែង២៤គម ធ្វើឲ្យភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុក ទៅលេងកំសាន្តច្រើន រហូតមកដល់ពេលនេះ មានប្រមាណពី១២ម៉ឺនទៅ១៩ម៉ឺននាក់ក្នុងមួយឆ្នាំ។
ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ដែលបានឧបត្ថម្ភថវិកាចំនួន១៩លានរៀល ជូនដល់គណបក្សខេត្ត សម្រាប់ប្រើប្រាស់ក្នុងការងារបក្ស និងចូលរួមកសាងសមិទ្ធផលនានាក្នុងខេត្ត។
ឯកឧត្តមសូមឲ្យសហគមន៍ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ជួសជុលផ្លូវទៅកាន់រមណីយដ្ឋានឲ្យបានល្អជាប្រចាំ,យកចិត្តទុកដាក់ថែរក្សាព្រៃឈើឲ្យនៅគង់វង្ស, អនាម័យបរិស្ថានឲ្យបានស្អាត និងខិតខំកែលំអរសោភ័ណភាព ឲ្យកាន់តែល្អប្រសើរឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ទៅលេងកំសាន្ត។
ជាមួយគ្នានេះ ត្រូវរៀបចំកន្លែងលក់ដូរឲ្យមានរបៀបរៀបរយ មានអនាម័យ រសជាតិឆ្ងាញ់ តម្លៃសមរម្យ និងរួសរាយរាក់ទាក់។ ឯកឧត្តមសង្ឃឹមថា ឆ្នាំក្រោយៗទៀត សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង នឹងមានភ្ញៀវទេសចរណ៍ទៅលេងកាន់តែច្រើន និងទទួលបានថវិកាច្រើនជាងនេះ សម្រាប់ចូលរួមកសាងសមិទ្ធផលនានា នៅក្នុងខេត្តពោធិ៍សាត់របស់យើង ៕

