ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចសន្ទនាថ្នាក់ជាតិលើកទី៣ស្តីពី «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនៅកម្ពុជា»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទកិច្ចសន្ទនាថ្នាក់ជាតិលើកទី៣ ស្តីពី «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនៅកម្ពុជា»។
កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោកស្រី Dana Avram លេខាទី១ នៃស្ថានទូតនូវែលហ្សេឡង់ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ លោកស្រី Meloney Lindberg នាយិកានៃអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមសរុប២៥០ រូប (ស្រី១២៤រូប)។
កិច្ចសន្ទនានេះ មានគោលបំណង (១). ដើម្បីបង្កើតជាវេទិកាជូនស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូមានឱកាសជួប សំណេះសំណាល និងបង្ហាញពីសមិទ្ធិផលនៃការអនុវត្តគម្រោង ចែករំលែកអោយកាន់តែច្បាស់អំពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពង្រឹងការគាំទ្រគោលនយោបាយ និងការអនុវត្តដើម្បី សម្រួលដល់អភិបាលកិច្ចមូលដ្ឋានក្នុងការផ្តល់សេវា និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ (២). ដើម្បីចងក្រងជាមេរៀនបទពិសោធន៍ដែលបានមកពីការអនុវត្តល្អរបស់គម្រោង រួមមានទិន្នន័យ និងលទ្ធ ផលបានមកពីការស្ទង់មតិវាយតម្លៃមុន និងក្រោយការអនុវត្តគម្រោង ដើម្បីកំណត់នូវសមិទ្ធិផល និងបញ្ហា ប្រឈមនានា (៣). ដើម្បីបង្កើតជាវេទិកាកិច្ចសន្ទនាពិភាក្សារវាងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការលើក កម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នាសម្រាប់ការកែរលម្អអភិបាលកិច្ច (៣). ដើម្បីបង្កើតជាយន្តការប្រកបដោយនិរន្តរភាព ក្នុងការបង្កើនតម្លាភាព គណនេយ្យភាព និងការជម្រុញការ ចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំផែនការថវិកា និងការគ្រប់គ្រងថវិកាក្នុងមូលដ្ឋានរបស់ពួកគេ៕

