សម្តេចធិបតី កោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក ដែលរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងដើម្បីបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក ដែលបានរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងស្អែកនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។
សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាបន្ថែមថា គម្រោងជួបជុំគ្នារបស់ស.ស.យ.ក ដែលដើរដោយថ្មើរជើង ដោយមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ គឺជាព្រឹត្តិការណ៍មួយបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងប្រឈមជាមួយភាគីថៃ៕

