ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចុះសួរសុខទុក្ខ លើកទឹកចិត្ត កងកម្លាំងសមរភូមិមុខ ឈរជើងការពារព្រំដែនខណ្ឌសីមាកម្ពុជា

ភ្នំពេញ៖ នៅទីបញ្ជាការភូមិភាគទី៤ វរៈការពារព្រំដែនលេខ១០៥ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ និងលោកស្រី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន នាឱកាសនេះ ដោយបានការអនុញ្ញាត និងការចូលរួមពីសំណាក់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភណ អភិបាលខេត្តកំពង់ស្ពឺ និងទិសស្លោកអ្នកសមរភូមិក្រោយ នឹករលឹកអ្នកសមរភូមិមុខ ខ្មែរជួយខ្មែរ។
ម្យ៉ាងទៀតការអញ្ជើញដល់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អមដំណើរដោយ លោក លោកស្រីឧត្ដមសេនីយ៍ វរសនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យ លោកអធិការ នគរបាលក្រុង ស្រុក កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរួមចំណែក និងចូលរួមដោយទឹកចិត្ដស្រឡាញ់គាំទ្រស្មារតីលះបង់របស់បងៗកងកម្លាំងនគរបាលជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានកំពុងតែដឹកនាំឈរជើងប្រចាំការនៅទិសខ្សែរត្រៀមជួរមុខការពារអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិរបស់យេីងមិនអនុញ្ញាតិអោយមានសត្រូវឈ្លានពាននិងរំលោភបំពានជាដាច់ខាត។
ជាការថ្លែងអំណរគុណ ដឹងគុណដល់វីរៈភាពអង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិយើង ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលចំណុះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមរភូមិក្រោយ បាននាំយកនូវស្បៀង គ្រឿងឧបភោគ បរិភោគ មួយចំនួន ផ្ដល់ជូនកំលាំងដែលប្រចាំការឈរជើងនៅទីបញ្ជាការទិ សភូមិភាគ៤ សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកា។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណ និងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងថាកងកម្លាំងនគរបាលជាតិ នៅសមរភូមិក្រោយមិនភ្លេចនិងគ្មានពេលទុកចោលអ្នកខាងមុខជាដាច់ខាត និងបញ្ជាក់ថានាឱកាសក្រោយនឹងមកជួបជាថ្មីទៀតសូមជូនពរដល់កងកម្លាំងឈរជើង ការពារព្រំដែនខណ្ឌសីមា ខ្សែរបន្ទាត់ជួរមុខ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានទំនុកចិត្តលើការដឹកនាំប្រកបដោយកិត្ដិបណ្ឌិតវែងឆ្ងាយនិងភាពត្រឹមត្រូវប្រាកដនិយមរបស់រដ្ឋាភិបាលកម្ពុជាយើង៕

