អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំពិធីប្រគល់-ទទួលអគាររដ្ឋបាលរថ្មីកម្ពស់១២ជាន់ ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួល អគាររដ្ឋបាលថ្មីរដ្ឋសភាកម្ពុជា ជាមួយក្រុមហ៊ុន TCV Engineering Co.,Ltd និងក្រុមហ៊ុន Archetype Cambodia Ltd ក្រោមអធិបតីភាពឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានិងមានការចូលរួមពីខាងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុនិងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ុន TCV Engineering Co., Ltd ត្រូវបានជ្រើសរើសជាអ្នកទទួលការសាងសង់ ដោយដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ តាមនីតិវិធីមួយដំណាក់កាល មួយស្រោមសំបុត្រ (Single-Stage, One Envelope Procedure) និងបានចុះកិច្ចសន្យាជាសាធារណៈ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមហ៊ុនArchetype Cambodia Ltd ត្រូវបានជ្រើសរើសជាទីប្រឹក្សាដើម្បីរៀបចំគម្រោងប្លង់ និង ត្រួត ពិនិត្យដំណើរការសាងសង់ ដោយដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ តាមវិធីសាស្ត្រជ្រើសរើសផ្អែកលើគុណភាព (Quality Based Selection) និងបានចុះកិច្ចសន្យាជាសាធារណៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
គួររំលឹកថា រដ្ឋសភាកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលនេះជាកញ្ចប់ជំនួយឥតសំណង ២៥លានដុល្លារអាម៉េរិក ពីប្រទេសវៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។
អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន៕

