មូលនិធិទ្រទ្រង់កងទ័ពការពារទឹកដី! សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួម ៣០០លានរៀល

ភ្នំពេញ៖ មូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើង ការពារទឹកដី ត្រូវបានបង្កើតឡើង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀលដំណាក់កាលដំបូង។
តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា “មូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍CTN ។ សូមអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំ។
នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ
ក៏ត្រូវប្រើពេលយូរ។
ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា”៕

