កម្ពុជាប្រកាសជំហរ ដោយយកតំបន់ជម្លោះជាមួយថៃទៅកាន់តុលាការ ICJ ឲ្យខាងតែបាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រា សាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរ ជាតិ ICJឲ្យខាងតែបាននាពេលឆាប់ៗខាងមុខនេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់ និងទទួលយកជានិច្ច ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។
សម្ដេចធិបតីបានប្រកាសបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានបន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃដោយធ្វើយ៉ាងណាបញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយសន្តិវិធី គ្រប់យន្តការទាំងអស់ដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានយកសំណុំរឿង តំបន់ទាំងបួនខាងលើនេះទៅកាន់តុលាការឡាអេហើយនោះ។
សម្តេចធិបតី បានបន្ថែមថា រឿង បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ បីទុកឲ្យរាជរដ្ឋាភិបាល និងកងទ័ពជាអ្នកដោះស្រាយ ហើយសូមបងប្អូនប្រជាពលរដ្ឋទំាងអស់កុំមានការ ព្រួយបារម្ភ។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី ក៏បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីម្សិលមិញផងដែរថា កម្ពុជាប្រកាសជំហរប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់ មុំបីទៅកាន់តុលាការឡាអេ ដោយលែងធ្វើ ការចចារទ្វេភាគីទៀតហើយដើម្បីបញ្ចប់ជម្លោះបន្តទៀតរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

