អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក(Beat Plastic Pollution)” ដែលប្រារព្ធធ្វើនៅបរិវេណខាងមុខសាលាខេត្តព្រៃវែង។
ទិវាបរិស្ថាននេះដែលរៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អស្អាត សោភ័ណ្ឌភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព កាត់បន្ថយសំណល់ផ្លាស្ទិក និងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាពសាធារណៈ និងការផ្លាស់ប្តូរឥរិយាបថលើការបោះចោលសំរាមតាមទីធ្លាសាធារណៈ។
ពិធីនេះមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាល អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យសាលាក្រុង ចៅសង្កាត់ទាំង៤ កងកម្លាំងទាំងបីថ្នាក់ក្រុង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងសរុបប្រមាណ១,០៧៣អង្គ/រូប៕

