សម្តេចធិបតី៖ បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ ផ្លូវការទូត

ភ្នំពេញ៖ ថ្លែងចេញពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ ផ្លូវការទូត។
សម្ដេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា ការដោះស្រាយគ្នារឿងព្រំដែនមិនមែនមានអ្វីបន្តិចប្តឹងនោះទេ ពោលគឺធ្វើតាមជំនាញនៃការចរចា និងដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមានការប្តឹងហើយនឹងមានការបិទផ្លូវការចរចាទាំងអស់ រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា«កម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ»។
សម្ដេចធិបតី បានបញ្ជាក់ទៀតថា ការសម្រេចចិត្តរាជរដ្ឋាភិបាលការបោះបង្គោលតាមព្រំដែនគឺមិនចង់ឲ្យនៅសល់ភាពស្រពិចស្រពិលមិនច្បាស់លាស់នាំឲ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះរវាងប្រទេសជិតខាង៕

