សម្តេចធិបតី បង្ហើបថានៅពេលខាងមុខនេះ មានក្រុមហ៊ុនមួយគ្រោងបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំរបស់រថយន្ត Mercedes នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ ថ្លែងចេញពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា នៅពេលខាងមុខនេះ មានក្រុមហ៊ុនមួយគ្រោងបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំរបស់រថយន្ត Mercedes នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។
សម្ដេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីរំលេចបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូនខ្មែរកាន់តែមានសមត្ថភាពនៅក្នុងការរៀបចំបង្កើត និងដំឡើងគ្រឿងយន្តជាច្រើនក្នុងនោះមានតាំងពីការដំឡើងរថយន្តជាដើម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា នៅពេលថ្មីៗកន្លងមកនេះ កូនខ្មែរបង្កើតបាននូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនរហូតទទួលបានពានរង្វាន់អន្តរជាតិ ហើយថែមទាំងប្រទេសនានាយកកម្មវិធីដែលបង្កើតដោយកូនខ្មែរនោះយកទៅប្រើថែមទៀត៕

