អភិបាលខេត្តកំពង់ធំ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច សម្រាប់បែងចែកដីដល់ប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬ មានដីតិចតួច ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសតំបន់វិនិច្ឆ័យ ដំណើរការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦៥០គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ច របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច សម្រាប់បែងចែកដីដល់ប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬ មានដីតិចតួច ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយរហូតមកដល់ពេលនេះ សម្បទានិកទាំង ៦៥០គ្រួសារ ស្នើនឹង ១,២៧៥ក្បាលដី ដែលបានទទួល និងប្រើប្រាស់សម្បទានដីសង្គមកិច្ច មានរយៈពេល៥ឆ្នាំហើយ ដែលបានបំពេញគ្រប់លក្ខខ័ណ្ឌដូចកិច្ចសន្យាផ្តល់ដីសម្បទានសង្គមកិច្ច ត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុ ស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងសង្គម។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តមួយដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋដែលមិនមានជនណាម្នាក់មកដកហូត ឬរំលោភយកបានឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល បានលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងបានជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដី ហើយរដ្ឋអាចគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ការវិនិយោគ ឬចាត់ចែងប្រើប្រាស់ផ្សេងៗនិងលើកស្ទួយជីវភាពរស់នៅ៕

