សម្តេចធិបតី៖ ប្រសិនបើសម្តេចតេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរ ក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រសិនបើសម្តេចតេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរ ក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះអតីតទ័ពខ្មែរក្រហមមិនសុខចិត្តនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បរទេសចូលមកខ្មែរ គេអត់គិតរឿងនយោបាយ និងសង្គ្រាមទេ គេគិតតែរឿងច្បាប់ ដោយមិនដឹងពីការផុយស្រួយសន្តិភាពនៅកម្ពុជាឡើយ។ បើពេលនោះ ហៅទាំងមេកងពល និងមេឃុំ ប្រហែលពួកគាត់មិនទៅទេ ជាពិសេសពេលទើបមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា បើធ្វើសមាហរណកម្មហើយ បែរជាហៅពួកគាត់ទៅតុលាការ ក្រោមកត្តាអន្តរជាតិ ប្រហែលមានបញ្ហា។ ការរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិ ក៏ត្រូវគិតពីយុត្តិធម៌ជាតិយើងដែរ ដើម្បីចៀសវាងសង្គ្រាម៕

