ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នាស្មើភាពគ្នា ករណីមន្ត្រីនគរបាលរាជធានីភ្នំពេញ ស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបណ្ដេញចេញពីក្របខណ្ឌ និងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ករណីឈ្មោះ ហ៊ុន ហេង ជាមន្ត្រីនៃនគរបាលរាជធានីភ្នំពេញ ស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាច្បាប់ គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា ហើយជនបង្ករូបនេះត្រូវបានរៀបចំ នីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ។
យោងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គូសបញ្ជាក់ថា”ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើន លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅមុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិត បង្កឡើងដោយនគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង ។សូមជំរាបជូនថាភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និងមូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្កសង្រ្គោះ អ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់”។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា” សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ។សូមមហាជន ជូនជ្រាបជាព័ត៌មាននិងសំណូមពរដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរច្បាប់ដាច់ខាតទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)”។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយ មហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុច កើតហេតុខាងលើ បានបុករះពីក្រោយ យានជាច្រើនគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ។ហេតុការណ៍នេះ បង្កឲ្យមានមនុស្សស្លាប់១នាក់ រងរបួសធ្ងន់២នាក់ និងរងរបួសស្រាល៣ស្រាល ។ មូលហេតុគ្រោះថ្នាក់ គឺអ្នកបើកបររថយន្តLEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹង មានអត្រាជាតិ អាល់កុល0.35mg/L៕

