សម្តេចធិបតី៖ ការស្រឡាញ់ជាតិ មិនអាចត្រឹមតែនិយាយ ឬសរសេរតាមហ្វេសប៊ុកនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការស្រឡាញ់ជាតិ មិនអាចត្រឹមតែនិយាយ ឬសរសេរតាមហ្វេសប៊ុក លើវេទិកា ឬសរសេរតាមសៀវភៅនោះទេ គឺត្រូវដាក់សកម្មភាពជាក់ស្តែងជំរុញកិច្ចអភិវឌ្ឍន៍ប្រទេស។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេដើម្បីការពារទឹកដី គឺត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព មិនមែនអង្គុយតែខ្លាច ដោយមិនធ្វើអ្វីនោះទេ៕

