សម្តេចធិបតី អំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ យកមកបង្ហាញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពី ការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។
ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។
សម្ដេចធិបតីបញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើង គឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន៕

