នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន សន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន។
ការសន្យារបស់លោកបែបនេះធ្វើឡើងក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានអរគុណដែរចំពោះប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។
សម្ដេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជា ផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគក្នុង ប្រទេសកម្ពុជាដើម្បីទាញយកនូវផលប្រយោជន៍តាមរយៈការវិនិយោគ ក្នុង វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យអស់ ពីសក្ដានុពល។
នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានលើកឡើងថា ជប៉ុនបានធ្វើកសិកម្មតាមបែបឆ្លាតវៃ ពោលគឺការធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាមរយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួលក្នុងការបណ្ដុះ ធនធានមនុស្សកម្ពុជាបន្ថែមទៀតពីវិស័យ កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរទស្សនកិច្ចពីមន្រ្ដីកម្ពុជាទៅកាន់ប្រទេស ជប៉ុនដើម្បីស្វែងយល់អំពីទិដ្ឋភាពនៃវិស័យ កសិកម្មនៅក្នុងប្រទេសជប៉ុនហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា៕

