ប៉ូឡូញកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី និងប្រាប់ពីការបិទស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Krakow ក្រោយចោទប្រកាន់ថាទីក្រុងមូស្គូ មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍អគ្គីភ័យ នៅទីក្រុង Warsaw កាលពីឆ្នាំ២០២៤

វ៉ាសូវី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥ ប៉ូឡូញ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី និងប្រាប់ពីការបិទស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Krakow ក្រោយចោទប្រកាន់ថាទីក្រុងមូស្គូ មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍អគ្គីភ័យ ដែលស្ទើរតែបំផ្លាញមជ្ឈមណ្ឌលលក់ទំនិញធំមួយ នៅទីក្រុង Warsaw កាលពីឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radoslaw Sikorski គូសបញ្ជាក់ថា «ដោយសារភ័ស្តុតាងបង្ហាញថា ទីភ្នាក់ងារចារកម្មរុស្ស៉ី បានប្រព្រឹត្តអំពើបំផ្លិចបំផ្លាញដ៏គួរឱ្យស្អប់ខ្ពើម លើមជ្ឈមណ្ឌលលក់ទំនិញដ៏ធំនៅផ្លូវ Marywilska ខ្ញុំសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការនៃស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Krakow»។
តាមអ្នកតំណាងក្រសួងការបរទេស រុស្ស៉ីមានពេលប្រហែល ៣០ថ្ងៃដើម្បីបិទស្ថានកុងស៊ុល Krakow ដែលមានអ្នកការទូត ៣នាក់ និងបុគ្គលិក ៤នាក់ផ្សេងទៀត។
រុស្ស៉ី បាន បដិសេធ ជាប់ ពាក់ព័ន្ធ នឹងហេតុការណ៍អគ្គិភ័យនោះ ហើយចោទប៉ូឡូញថាមានគំនិតមិនល្អចំពោះរុស្ស៉ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ការចោទប្រកាន់ផ្សេងៗប្រឆាំងរុស្ស៉ី កាន់តែកើតមាននៅប៉ូឡូញ ហើយការចោទប្រកាន់ទាំងអស់នេះ តែងតែគ្មានមូលដ្ឋានច្បាស់លាស់៕
