ក្រសួងការពារជាតិ ច្រានចោលព័ត៌មានដែលថា កម្ពុជាដកទ័ពចេញពីទីតាំងដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ក្រសួងការពារជាតិបន្តថា នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។
បន្ថែមលើនេះ ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ភាគីទាំងពីរ កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់ និងថាភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ ៕