សម្ដេចធិបតី កោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។
ក្នុងឱកាសអញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ៕


