ឯកឧត្ដម ឡាំ ជា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានមតិស្វាគមន៍ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញបច្ចេកទេសនាពេលកន្លងមក ដែលបានសម្រេចសមិទ្ធផលការងារព្រំដែនជាមួយប្រទេសជិតខាងជាបន្ដបន្ទាប់ ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម រដ្ឋមន្រ្ដី ក៏បានផ្តល់អនុសាសន៍ណែនាំនូវចំណុចសំខាន់ៗមួយចំនួន ជូនអង្គប្រជុំដើម្បីជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈសម្បត្ដិឱ្យបានរួចរាល់សម្រាប់រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ៕

