សម្ពោធឆ្លងសាលាពុទ្ធិកសិក្សានិងសមិទ្ធផលនានា នៅវត្ត ទួលលក្ខរស្មីមានជ័យ (ហៅវត្តទួលពង្រ)

បន្ទាយមានជ័យ៖ សាលាពុទ្ធិកសិក្សាសាលាពុទ្ធិកសិក្សា នៅ វត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ នៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែល មានទំហំបណ្ដោយ៤០ម៉ែត្រទទឹង៩ម៉ែត្រ សង់អំពីថ្មប្រក់ក្បឿងបេតុងអាមេ រចនាបថខ្មែរមាន៥បន្ទប់ ថ្នាក់សិក្សាមាន៣កំរិត ចាប់ថ្នាក់ទី១ដល់ថ្នាក់ទី៣ ចំនួន៣បន្ទប់និងថ្នាក់កុំព្យូទ័រមានចំនួន១បន្ទប់ និងបណ្ណាល័យមានចំនួន១បន្ទប់ ដែលចំណាយថវិកាអស់សរុបចំនួន ១៤៥.៥០០ដុល្លារ ហើយត្រូវបានរៀបចំធ្វើពិធីបុណ្យ សម្ភោធឆ្លង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះព្រហ្មរតនៈ មុនី ពិន សែម សមាជិកថេរសភាគណៈ សង្ឃនាយក គណៈ មហានិកាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃ នាយកនៃព្រះរាជាណាចក្រកម្ពុជា លោក លៀម សុដា អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃពុធទី០៧ ខែឧសភា ឆ្នាំ២០២៥ ។
ព្រះតេជគុណ សុវណ្ណបញ្ញាមុន្នី យឺន សុវណ្ណា ដែលជាព្រះចៅអធិការវត្តទួលពង្រ ព្រះអង្គបានមាន សង្ឃដីកា បញ្ជាក់ថា សាលាពុទ្ធិកសិក្សាដែលសម្ពោធឆ្លងថ្ងៃនេះគឺបានមកពីការបរិច្ចាគ សទ្ធា ពីសប្បុរសជនជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា សាងសង់សមិទ្ធផលដ៏មានតម្លៃមួយនេះ សម្រាប់ សមណសិស្សបានសិក្សារៀនសូត្រ ។
ជាមួយនោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងលោកលៀមសុដាអភិបាលរងខេត្តបានមាន សង្ឃដីកា និងប្រសាសន៍ថ្លែងនូវអំណរគុណចំពោះសប្បុរសជនពុទ្ធបរិស័ទជិតឆ្ងាយដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយកសាងនៅសាលាពុទ្ធិកសិក្សា ដើម្បីបានជាប្រយោជន៍ដល់ការសិក្សារបស់សមណសិស្ស និងបានចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើនខ្លាំងខ្លាឡើងបន្ថែមទៀត តាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំការគ្រប់គ្រងការពង្រឹងពង្រីកចំណេះដឹងពិសេសក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត បានកាន់តែរឹងមាំនិងមានប្រសិទ្ធភាព ។
ព្រះអង្គបន្តថា រាល់សមិទ្ធផលទាំងអស់ ដែលសម្រេចបានជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនាគឺមានទំហំធំធេងដូចជា សាលាពុទ្ធិកសិក្សា០១ខ្នងនេះ គឺជាកន្លែងបណ្ដុះនូវបញ្ហាញាណ ជាថ្នាលបណ្ដុះធនធានមនុស្សយ៉ាងពិតប្រាកដ។
ចុងក្រោយសម្ដេចក៏បានក្រើនរំលឹកដល់គ្រប់បណ្តាទីវត្តអារាមទាំងអស់ត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដែលក្រសួងធម្មការនិងសាសនាបានដាក់ចេញនូវអភិក្រមសបី រួមមានស១ វត្តស្អាត សំដៅលើបរិស្ថានស្អាតអនាម័យល្អ ,ស២ វត្តស្វាង សំដៅលើទីកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ ដុះខាត់និស្ស័យ ,ស៣ វត្តស្ងប់ ជាទីកន្លែងគ្មានអធិករណ៍ឬជម្លោះ។
បញ្ចប់នៃកម្មវិធីគណៈអធិបតីបានប្រគេននូវបណ្ណសរសើរដល់សមណសិស្សជ័យលាភី នឹងប្រគេនបណ្ណថ្លែងអំណរគុណ ដល់គណៈសទ្ធា ចែកក្រណាត់ ស ដល់តាជីយាយជីចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗទទួលបាននូវសារុងមួយ ថវិកា០១ម៉ឺនរៀល លោកគ្រូអ្នក គ្រូសិស្សានុសិស្សដែលបានចូលរួម ទទួលបានអាវមួយ និងពិធីកាត់ខ្សែបូដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាពុទ្ធិកសិក្សានាឱកាសនោះផងដែរ៕

