BREAKING : ឥណ្ឌាបើកការវាយប្រហារតាមផ្លូវអាកាសលើប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ និង៣៨នាក់ផ្សេងទៀតរងរបួស

ញូវដែលី៖ នៅថ្ងៃពុធ ទី៧ ខែឧសភា ឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈ ទីក្រុងអ៉ីស្លាម៉ាបាដបានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ាគីស្ថានបានអះអាងថា មនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។
ទីក្រុងញូវដែលីវិញបានអះអាងថាខ្លួនបានវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថាប៉ាគីស្ថានរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើការឆ្លើយតបទៅនឹង ការវាយប្រហាររបស់ឥណ្ឌាដែលលោកចាត់ទុកថាជាសកម្មភាពសង្រ្គាម។
ជុំវិញភាពតានតឹងនេះដែរ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកថាស្ថានការណ៍ដែលកំពុងកើតឡើងជា រឿងដ៏អាម៉ាស ហើយសង្ឃឹមថាភាពតានតឹងនេះនឹងបិទបញ្ចប់ឆាប់ៗ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ៕

